Tuesday, February 28, 2017

ផលប៉ះពាល់ និង​ផលប្រយោជន៍​បានពី​ស្ទីល​នៃ​ការគេង​រាល់​យប់​របស់​អ្នក

·   0

ផលប៉ះពាល់ និង​ផលប្រយោជន៍​បានពី​ស្ទីល​នៃ​ការគេង​រាល់​យប់​របស់​អ្នក



យោង​តាម​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​ឱ្យ​ដឹង​ថា ឥរិយាបថ​ការគេង​របស់​អ្នក​ប៉ះពាល់​ដល់​សុខភាព និង​សុខុមាលភាព ។ ស្ទីល​នៃ​ការគេង​ទូទៅ ៥ យ៉ាង​រួម​មាន ៖ គេង​បែរ​ឆ្វេង គេង​ផ្ងារ គេង​បែរ​ទៅ​ស្តាំ គេង​ផ្កាប់​មុខ និង​គេង​អង្កុញ​ជើង ។
លោក Mandy Francis បាន​បកស្រាយ​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​របស់​ស្ទីល​នៃ​ការគេង​ទាំងនេះ ។

គុណសម្បត្តិ​នៃ​ការគេង​បែរ​ទៅ​ឆ្វេង

ឥរិយាបថ​ការគេង​បែរ​ឆ្វេង​អាច​ជួយ​ព្យាបាល​អាការៈ​ឆ្អល់​ក្តៅ​ចុងដង្ហើម ។ អាការៈ​ឆ្អល់​ក្តៅ​ចុង​ដង្ហើម​ច្រើន​កើតឡើង​នៅពេល​យប់ ។ នៅពេល​មនុស្ស​គេង​បែរ​ទៅ​ឆ្វេង សរីរាង្គ​ខាងក្នុង​ជួយ​សម្រួល និង​កាត់បន្ថយ​ការលេច​ចេញ​អាស៊ីត​ពី​ក្រពះ​ទៅក្នុង​បំពង់​អាហារ ដែល​ជា​ហេតុ​ធ្វើឱ្យ​ឈឺចាប់ ។

គុណវិបត្តិ​នៃ​ការគេង​បែរ​ទៅ​ឆ្វេង

យោង​តាម​ការសិក្សា​បាន​បង្ហាញ​ថា មនុស្ស ៤០.៩ % គេង​បែរ​ឆ្វេង​ងាយ​នឹង​ជួប​សុបិន្ត​អាក្រក់ ។

គុណសម្បត្តិ​នៃ​ការគេង​ផ្ងារ

ការគេង​ផ្ងារ​ជួយ​តម្រង់​ឆ្អឹង​ខ្នង បំបាត់​អាការៈ​ឈឺ​ខ្នង ។ ដោយសារ​ផ្ទៃមុខ​របស់​អ្នក​មិន​សង្កត់​នឹង​ខ្នើយ​រយៈពេល ៦ ម៉ោង ឬ​ច្រើនជាង​នេះ វា​ជួយ​កាត់បន្ថយ​ស្នាម​អុជ​ខ្មៅ និង​ភាពជ្រីវជ្រួញ​លើ​ផ្ទៃមុខ ។

គុណវិបត្តិ​នៃ​ការគេង​ផ្ងារ

ការគេង​ផ្ងារ​អាច​ធ្វើឱ្យ​អ្នក​ស្រម៉ុក​ឡើង​ទ្វេដង ដោយសារ​បំពង់​ខ្យល់​ដង្ហើម​នឹង​រួម​ខ្លី ព្រោះ​អណ្តាត​ធ្លាក់​ទៅ​ក្រោយ​បំពង់​ក ។

គុណសម្បត្តិ​នៃ​ការគេង​អង្កុញជើង

ការគេង​អង្កុញជើង​ជួយ​កាត់បន្ថយ​អារម្មណ៍​តានតឹង ធ្វើឱ្យ​គេងលក់​ស្រួល ។ ឥរិយាបថ​គេង​អង្កុញជើង​ជួយ​ឱ្យ​ឆ្អឹងខ្នង​បត់បែន​បាន​ងាយ​ពេល​ប្តូរ​ស្ទីល​គេង និង​អាច​ឱ្យ​អ្នក​ដកដង្ហើម​បាន​ស្រួល​ផងដែរ ។

គុណវិបត្តិ​នៃ​ការគេង​អង្កុញជើង

ការគេង​អង្កុញជើង​អាច​ធ្វើឱ្យ​អ្នក​ឈឺ​ក ព្រោះ​វា​ដាក់​សម្ពាធ​ខ្លាំង​ទៅលើ​ឆ្អឹង​លលាដ៍ក្បាល ។ អ្នក​ត្រូវ​គេង​ដាក់​ខ្នើយ​ក្រោម​ក្បាល ដើម្បី​ឱ្យ​ក និង​ឆ្អឹង​ខ្នង​ត្រង់ ការពារ​ពី​អាការៈ​ឈឺ​ក និង​ស្មា ។

គុណសម្បត្តិ​នៃ​ការគេង​បែរ​ស្តាំ

គេង​បែរ​ទៅស្តាំ​អាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម ចង្វាក់​បេះដូង ។ ការគេង​បែរ​ស្តាំ ឬ​ឆ្វេង​នឹង​ជួយ​ការពារ​អ្នក​ពី​ជំងឺហឺត ។

គុណវិបត្តិ​នៃ​ការគេង​បែរ​ទៅ​ស្តាំ

ស្ត្រី​ពពោះ​គេង​បែរ​ស្តាំ​ងាយ​ប្រឈមមុខ​នឹង​ការរលូត​កូន ។ យោង​តាម​ការស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ Auckland បាន​បង្ហាញ​ថា ស្ត្រី ១៥៥ នាក់​បាន​គេង​បែរ​ស្តាំ ទីបំផុត​កូន​ស្លាប់​ក្នុង​ផ្ទៃ​នៅពេល​សម្រាល ។

គុណសម្បត្តិ​នៃ​ការគេង​ផ្កាប់​មុខ

មនុស្ស​គេង​ផ្កាប់​មុខ​ច្រើន​តែ​សុបិន្ត​ឃើញ​រួមភេទ ។ ហើយ​ឥរិយាបថ​នេះ​ធ្វើឱ្យ​សរីរាង្គ​ខាងក្នុង​ជម្រុញ​ដល់​ការរំលាយ​អាហារ ។

គុណវិបត្តិ​នៃ​ការគេង​ផ្កាប់​មុខ

ការគេង​បែប​នេះ​អាច​បណ្តាល​ឱ្យ​ឈឺ​ក្បាល រឹង​ក តឹង​ស្មា និង​ឈឺ​ខ្នង ។ ដើម្បី​ឱ្យ​ដកដង្ហើម​បាន​ស្រួល អ្នក​ត្រូវ​គេង​ដាក់​ខ្នើយ បែរ​ទៅ​ខាង​ណាមួយ​រយៈពេល​ជាច្រើន​ម៉ោង ៕

Subscribe to this Blog via Email :